AZ សង្ឃឹម​ខ្ពស់​ឆ្ពោះ​ទៅ​ម៉ាឡេស៊ី

February 1, 2012

ក្រុម Assassin Zenith (AZ) ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ខែ​កញ្ញា ​ដែល​បាន​ទម្លាក់​ក្រុម Koma ChheanMok នៅ​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​កាល​ពី​ថ្ងៃ​ ៥ វិច្ឆិកា ថ្មីៗ​នេះ មាន​សង្ឃឹម​ខ្ពស់​ថា​នឹង​អាច​បន្ត​ដំណើរ​ទៅ​ប្រកួត AK ថ្នាក់​អន្តរជាតិ​ប្រទេស​ម៉ាឡេស៊ី​នៅ​ដើម​ឆ្នាំ ២០១២ ខាង​មុខ​នេះ។

សមាជិក​មួយ​រូប​របស់​ក្រុម AZ មួយ​រូប​បាន​ឲ្យ​ Sabay ដឹង​ថា សមាជិក​ក្នុង​ក្រុម​របស់​គេ​កំពុង​តែ​ហ្វឹក​ហាត់​យ៉ាង​យក​ចិត្ត​ទុកដាក់ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​វគ្គ​ ផ្ដាច់ព្រ័ត្រ​។

សមាជិក​ដ៏​សកម្ម​រូប​នេះ​បញ្ជាក់​ថា “អ្វីៗ​គ្មាន​បញ្ហា​នោះ​ទេ​ទាំង​ផ្នែក​បច្ចេកទេស និង​ស្មារតី។ ក្រុម​ទាំង​មូល​សម​ជើង​គ្នា​បាន​ល្អ​ណាស់ ហើយ​ក៏​កំពុង​ហាត់​ក្បួន​យុទ្ធសាស្ត្រ​ថ្មីៗ​មាន​ដូចជា​វិធីសាស្ត្រ​ទប់​ទល់ ​ការ​វាយ​បុក​របស់​គូ​ប្រជែង​ ការ​បាញ់ Support គ្នា និង​ការ​រៀប​គប់​គ្រាប់​បែក​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​ដើម”។

សមាជិក​រូប​នេះ​បន្ថែម​ទៀត​ថា ក្រុម​របស់​គេ​សង្ឃឹម ៧០% សម្រាប់​ជ័យជំនះ​នៃ​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ និង​មាន​ជំនឿ​ថា​នឹង​អាច​បន្ត​ឆ្ពោះ​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​ដែរ។