TheHellGate ពិបាក​ថា​មុន​ការ​ប្រកួត!

February 1, 2012

TheHellGate ដែល​ជា​ក្រុម​ជើង​ឯក​ប្រចាំ​ខែ​ឧសភា​សម្រាប់​ការ​ប្រកួត AK ក្នុង​ពាន​រង្វាន់ Cambodian National Championship (CNC) នៅ​មិន​ទាន់​មាន​ភាព​ជឿជាក់​ទាំង​ស្រុង សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ប្រធាន​ក្រុម TheHellGate ដែល​មាន​រហ័សនាម HunterOfG7 ប្រាប់​ថា ការ​ប្រកួត​នៅ​វគ្គ​ចុងក្រោយ​នា​ថ្ងៃ ១៩ វិច្ឆិកា ខាង​មុខ​នេះ លទ្ធផល​មិន​អាច​ទស្សន៍ទាយ​ទុក​មុន​នោះ​ទេ ដោយ​សារ​តែ​ក្រុម​នីមួយៗ​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង​ប្រហាក់ប្រហែល​គ្នា។

 

ប្រធាន​ក្រុម​រូប​នេះ​បន្ត​ទៀត​ថា សព្វថ្ងៃ​ក្រុម​របស់​គេ​កំពុង​តែ​ធ្វើ​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ដើម្បី​ រិះរក​គន្លឹះ និង​យុទ្ធសាស្រ្ត​ថ្មីៗ​បន្ថែម​ទៀត​យក​មក​ពង្រឹង​ក្រុម។ រូប​គេ​បាន​បញ្ជាក់​ថា៖ “ក្រុម​របស់​គេ​លេង​មាន​ភាព​ស៊ី​សង្វាក់ និង​សហការ​គ្នា​បាន​ល្អ​ ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះ​ក្ដី​ក៏​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ​ ការ​កែ​សម្រួល​បន្ថែម។

សម្រាប់​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ ប្រធាន​ក្រុម​រូប​នេះ​សង្ឃឹម​ ៥០% ដែល​ថា​ក្រុម​របស់​គេ​នឹង​មាន​ឱកាស​ឈាន​ជើង​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ដើម​ឆ្នាំ ២០១២ នេះ។

ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​យ៉ាង​ស្វិតស្វាញ និង​តឹងតែង​បំផុត​អស់​រយៈ​ពេល​ជាង ៦ ខែ នោះ​គឺ AK អាច​រើស​បាន​ក្រុម​ខ្លាំង​ចំនួន ៤ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រពាន​ រង្វាន់​ថ្នាក់ជាតិ CNC​ ដែល​ក្រុម​ទាំង​នោះ​មាន៖ TheHellGate, Team Tono4E, Assasin Zenith និង​ SeVen ColoR

ជោគវាសនា​ក្រុម​ទាំង ៤ នេះនឹង​ត្រូវ​សម្រេច​សេចក្ដី​នៅ​ថ្ងៃ ១៩ វិច្ឆិកាខាង​មុខ​នេះ​ នៅ​អាគារ Phnom Penh Tower។ តើក្រុម​ណា​នឹង​អាច​ធ្វើ​ដំណើរ​បន្ត​ទៅទៀតទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​នោះ នឹង​ដឹង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕