AK War Journal: ក្រុមទាំងពីរ​ថា អង់គ្លេស​គ្មាន​បញ្ហា

February 1, 2012

ការ​ប្រកួត​សេវា​កម្សាន្ត​ AK អនឡាញ លំដាប់​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ទី ១៤-១៥ មករា ខាង​មុខ​នេះ​មាន​គណ​កម្មការ​ជា​ច្រើន​ចូល​រួមក្នុង​ការ​ដាក់​ពិន្ទុ​ដល់​ ក្រុម​ដែល​ចូល​រួម​ប្រកួត​ ទើប​ជម្រុញ​ឲ្យ​​ភាសា​អង់គ្លេស​​ត្រូវ​បាន​ជ្រើសរើស​ជា​ភាសាយាន ដើម្បី​ទំនាក់ទំនង​ក្នុង​ពេល​ប្រកួត។ តើ​សមត្ថភាព​ភាសា​អង់គ្លេស​អាច​ជា​ឧបសគ្គ​ដល់​ក្រុម ​​ខ្មែរ​ទាំង​ពីរ​ដែរ​ឬ​ក៏​អត់?

“ចំពោះ​ ភាសាអង់គ្លេស​គឺ​គ្មាន​បញ្ហា​ទេ​សម្រាប់​ក្រុម​ខ្ញុំ​”។ នេះ​ជា​ការ​លើក​ឡើង​របស់​ ថាន់ណាន់ ដែល​ ជា​ប្រធាន​ក្រុម​ The Hell’s Gate។ ថាន់ណាន់ ក៏​បាន​បន្ថែម​ទៀត​ថា អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​ត្រូវ​ស្តាប់​អោយ​បាន​ថា​គេ​នឹង​ណែ​នាំ​អ្វី​ ខ្លះ​បន្ថែម​ទៀត​ដល់​ក្រុម​ទាំងអស់​គ្នា​មុន​ពេល​ប្រកួត ពេលកំពុង​​ប្រកួត និង​ក្រោយ​ពេល​ប្រកួត ហើយ​នឹង​ចេះ​ណែ​នាំ​ខ្លួន​ជា​ភាសា​អង់គ្លេស​ដល់​គណ​កម្មការ​ប្រកួត និង​អ្នក​ដែល​ចូល​រួម​ទស្សនា​ទៅ​គឺ​បាន​ហើយ។

ចំណែក​ឯ​ បូវីន ដែល​ជា​ប្រធាន​ក្រុម​ Red Boy Club បាន​និយាយ​ថា “ភាសា​អង់គ្លេស​ មិន​សូវ​ជា​មាន​បញ្ហា​សម្រាប់​ពួក​ខ្ញុំ​ទេ” ។ ជុំ​វិញ​បញ្ហា​នេះ បូវីន​ បាន​បន្ថែម​ទៀត​ថា​ ចំពោះ​​កូន​​ក្រុម​​របស់​គេ​ផ្សេង​ទៀត​ក៏​មាន​លទ្ធភាព​​គ្រប់គ្រាន់​ក្នុង​ ការ​ប្រើប្រាស់​ភាសាអង់គ្លេស​បាន​ ដោយ​គ្មាន​បញ្ហា​នោះ​ដែរ។ ហេតុផល​មួយ​ផ្សេង​ទៀត​បូវីន បន្ថែម​ថា អ្នក​ដែល​អាច​ប្រើ​ប្រាស់​កុំព្យូទ័រ​បាន​ស្ទាត់​ជំនាញ ភាគច្រើន​សុទ្ធ​តែ​ចេះ​អង់គ្លេស មិន​ថា​កម្រិត​ណា​នោះ​ទេ សុទ្ធ​តែ​អាច​ប្រើការបាន។

ភាសា​អង់គ្លេស ​ជា​ភាសា​មួយ​ដែល​គេ​ចាត់​ទុកថា ជា​ភាសា​អន្តរជាតិ ព្រោះ​ប្រទេស​ភាគ​ច្រើន​នៅ​លើ​សកល​លោក​គឺ​ប្រើ​ប្រាស់​ភាសា​មួយ​នេះ​ សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដ៏​ទៃ។ ចំណែក​ឯ​ការ​ប្រកួត​សេវា​កម្សាន្ត​ AK អនឡាញ​ នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ ក៏​ដូច​គ្នា​ដែរ គឺ​គេ​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស​ជា​គោល​ដើម្បី​​ធ្វើ​ការ​ណែនាំ​បញ្ហា​ ផ្សេងៗ នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ។

បន្ទាប់​ពី​ បាន​ស្តាប់​មតិ​របស់​តំនាង​ក្រុម​ជើង​ខ្លាំង​ទាំង​ពីរ​រួច​មក តើ​មិត្ត​ទាំងអស់​គ្នា​គិត​ថា ភាសា​អង់គ្លេស​អាច​រារាំង​ដល់​ការ​ប្រកួត​របស់​ក្រុម​ជើង​ខ្លាំង​ ទាំងពីរ​នេះ​ដែរ​ឬ​ទេ?