AK War Journal: មុន​ចេញ​ទៅ​ពួកគេ​និយាយ​អ្វី​ខ្លះ?

February 1, 2012

ក្រុម​ជើង​ខ្លាំង​ទាំងពីរ​ក្រុម​បាន​ចាក​ចេញ​ពី ប្រទេស​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៣ នេះ​ហើយ ដោយ​អ្នក​ទាំងអស់​គ្នា ​មើល​ទៅ​ហាក់​បី​ដូចជា​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង ​ក្នុង​ការ​បង្ហាញ​មុខ​នៅ​លើ​ឆាក​អន្តរជាតិ ដែល​មាន​ម៉ាឡេស៊ី​ជា​អ្នក​ម្ចាស់​ផ្ទះ​រង់​ចាំ​ទទួល​ស្វាគមន៍​ពួក​គេ​។ តើ​ក្រុម​ទាំង​ពីរ និង​ក្រុម​ការងារ​ Sabay ​មាន​និយាយ​ម៉េច​ខ្លះ មុន​ចេញ​ទៅ?

Ula Piller ​ប្រធាន​គ្រប់​គ្រង​ផ្នែក​ទីផ្សារ Sabayក៏​មាន​វត្តមាន​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​ដែរ Ula បាន​និយាយ​ប្រាប់​ Sabay ថា “ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​មែន​ទែន ដែល​ក្រុម​ជើង​ខ្លាំង​ទាំង​ពីរ​នេះ​ អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ”។ Ula បាន​បន្ថែម​ទៀត​ថា ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​នឹង​ទទួល​ជ័យជំនះ​ក្នុង​ការ​ប្រកួត​ខាង​មុខ ហើយ​អាច​ស្វែង​យល់​ពី​ភាព​ប្លែក​គ្នា​រវាង​ប្រទេស​គេ និង​ប្រទេស​យើង ព្រម​ទាំង​រៀន​សូត្រ​បន្ថែម​ទៀត​ជាមួយ​នឹង​បទ​ពិសោធន៍​អន្តរជាតិ​ដែល​បាន​មក ​ពី​ភាព​សប្បាយ​រីក​រាយ​​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​ប្រទេស​ដ៏​ទៃ​ផង​ដែរ។

ថាន់ណាន់ ​ប្រធាន​ក្រុម​ The Hell’s Gate

ជួប​ជាមួយ​ ថាន់ណាន់ ​ប្រធាន​ក្រុម​ The Hell’s Gate វិញ​បាន​និយាយ​ថា ពិត​ជា​មាន​មោទនភាព​មែន​ទែន​ ព្រោះ​មាន​ឱកាស​ប្រកួត​ជាមួយ​ប្រទេស​ដទៃ​លើ​ផ្នែក​បច្ចេកវិទ្យា​អនឡាញ​ជាមួយ ​ប្រទេស​ដទៃ ​លើ​ឆាក​អន្តរជាតិ​បែប​នេះ។ ថាន់​ណាន់​ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រុម​ខ្ញុំ​ពិត​ជា​រំភើប​មែន​ទែន ដែល​ការ​ប្រកួត​នេះ​មាន​រង្វាន់​ជាច្រើន​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ ប្រកួត​ ហើយ​តាម​រយៈ​ព័ត៌មាន​ដែល​គេ​បាន​ដឹង​នោះ ​រង្វាន់​សរុប​ជា​ទឹក​ប្រាក់​គឺ​ ១ម៉ឺន ដុល្លារ​ឯ​ណោះ។

ចំណែក​ឯ​ បូវីន បាន​បង្ហើប​ប្រាប់​ Sabay ថា ពួក​គេ​មាន​អារម្មណ៍​សប្បាយ​រីក​រាយ នៅ​ពេល​ដែល​ពួក​គេ​មាន​មុខ​នៅ​លើ​ឆាក​ប្រកួត​មួយ​នេះ ចំណែក​រង្វាន់​វិញ​នោះ​ បូវីន​ បាន​រៀប​រាប់​ថា​រង្វាន់​ពិត​ជា​ច្រើន​គួរ​សម​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ សង្ឃឹម​ថា​ទទួល​បទ​ពិសោធន៍​ថ្មីៗ​ទៀត ក្រោយ​ពេល​ប្រកួត​បាន​បញ្ចប់។

បូវីន មេក្រុម RBC

លោក វ៉ាន់ សំបូរ ជា​ប្រធាន​គ្រប់​គ្រង​ដំណើរ​ការ​សេវា​កម្សាន្ត​របស់ Sabay បាន​សំដែង​ពី​អារម្មណ៍​ពិត ថា ”នេះ​ជា​លើក​ទី​មួយ​សម្រាប់​ក្រុម​យុវវ័យ​កម្ពុជា​យើង ក្នុង​ការ​ចូលរួម​ការ​ប្រកួត​លំដាប់​អន្តរជាតិ​បែប​នេះ” ។ ជុំ​វិញ​ការ​ប្រកួត​នេះ លោក​ក៏​បាន​បន្ថែម​ទៀត​ថា រូប​គាត់​សង្ឃឹម​លើ​ក្រុម​ទាំង​ពីរ​ថា​នឹង​ឈ្នះ ព្រោះ​បាន​ដឹង​ថា​ពួក​គាត់​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​ច្រើន​មក​ហើយ។

ក្រុម​ ជើង​ខ្លាំង​ទាំង​ពីរ​នេះ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ម៉ោង ១១ : ៣០ នាទី​ព្រឹក​មិញ​នេះ​ហើយ ដោយ​នៅ​ក្នុង​នោះ​មាន​ក្រុម​ការ​ងារ​ Sabay មួយ​ចំនួន​ បូករួម​និង អ្នក​ឈ្នះ​សំបុត្រ​ចូលរួម​ទស្សនា​ចំនួន​បីនាក់​ផ្សេង​ទៀត។

ប្រទេស​ ដែល​ត្រៀម​នឹង​បង្ហាញ​វត្តមាន​នៅ​ ម៉ាឡេស៊ី​ថ្ងៃ​ទី ១៤-១៥ មករា​នេះ រួមមាន កម្ពុជា ចិន ឥណ្ឌូនេស៊ី សិង្ហបូរី និង​ថៃ ដែល​មួយ​ក្រុមៗ​មាន​ក្រុម​តំណាង​របស់​ខ្លួន​ចំនួន​ពីរ​ក្រុម។