E-Sport​sអាច​ក្លាយ​ជា​កីឡា​ប្រកួត​នៅ​អូឡាំពិក

June 28, 2018

កីឡា​អេឡិចត្រូនិក​អាច​ក្លាយ​ជា​កីឡា​ប្រកួត​នៅ​អូឡាំពិក

វេទិកា​ជជែក​អំពី​​​កីឡា​អេឡិចត្រូនិក​នឹង​ត្រូវ​​រៀប​ចំ​ដោយ​ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) ​និង​ ​​​សមាគម​នៃ​​សហព័ន្ធ​​កីឡា​អន្តរជាតិ​ ( GAISF)។ ​ IOC ​​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​ មួយ​ថា​ ​បំណង​នៃ​វេទិកា​​នេះ​ នឹង​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​កីឡា​អេឡិចត្រូនិក​ និង​ ​​ការ​រៀប​ចំ​ទៅ​ថ្ងៃ​អនាគត​ ​រវាង​ក្រុម​ហ៊ុន និង ​ចលនា​​អូឡាំពិក។ ​ ​​ចលនា​បំផុស​​ឲ្យ​កីឡា​​អេឡិចត្រូនិក​ ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​​កីឡា​អូឡាំ​ពិក​​​​មាន​តាំង​​កិច្ច​ប្រជុំ​កំពូល​​អូឡាំពិក​​​នា​ខែ តុលា ​កន្លង​ទៅ​ ដូច​មាន​ក្នុង​​សេច​ក្ដី​ថ្លែង​ការណ៍។

 

​កិច្ច​ប្រជុំ​នោះ​ ​​ប្រកាស​ច្បាស់​ថា​ កីឡា​អេឡិចត្រូនិក​ ​ត្រូវ​បាន​គេ​ពិចារណា​​​ជា​​កីឡា​ប្រកួត​លក្ខណៈ​​គូ​ ជា​មួយ​គូបដិបក្ខ​ ​ហើយ​ ​អត្តពលិក​​ត្រូវ​ហ្វឹកហាត់​​តាម​ស្ដង់​ដារ​ត្រឹម​ត្រូវ។ IOC បាន​ចែង​ទៀត​ថា​ កីឡា​អេឡិចត្រូនិក​​អាច​ចូល​រួម​ការ​ប្រកួត​បាន​លុះ​ត្រា​តែ​គោលការណ៍​នានា​​ស្រប​តាម តម្លៃ​អូឡាំពិក។​ ​

ប្រធាន IOC ​លោក​ Thomas Bach ​បាន​មាន​ប្រសាសន៍​ថា ​​កាល​ពី​មុន​​ ​វីដេអូ​ហ្គេម​ដែល​​មាន​លក្ខណៈ​អំពើ​ហិង្សា​ ​មិន​​ឲ្យ​ចូល​ប្រកួត​នៅ​ក្នុង​​ព្រឹត្តិការណ៍​អូឡាំ​ពិក​ទេ។ កីឡា​អេឡិចត្រូនិក ​នឹង​បង្ហាញ​ខ្លួន​​លើក​ដំបូង​​នៅ​ព្រឹត្តិការណ៍​ កីឡា​អាស៊ី​ឆ្នាំ​ ២០១៨​ នៅប្រទេស​ឥណ្ឌូនេស៊ី។ ​បន្ទាប់​មក​ទៀត​កីឡា​​នេះ​​នឹង​បង្ហាញ​ក្នុង​ការ​ប្រកួត​ដណ្ដើម​មេដាយ​នៅ​ឆ្នាំ​ ២០២២ នៅ​ប្រទេស​​ចិន។ ​

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ ​ក៏​មាន​គម្រោង​ដាក់​បញ្ចូល​​​បទ​បង្ហាញ​ក្នុង​កម្មវិធី​អូឡាំពិក​ឆ្នាំ ២០២៤​ នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ដែរ។ បែប​ណា​ក្ដី​ IOC ​មិន​បាន​​បញ្ចូល​បទ​បង្ហាញ​ក្នុង​កម្មវិធី​​​របស់​ខ្លួន​តាំង​​ពី​កីឡា​អូឡាំពិក​​ឆ្នាំ​ ១៩៩២មក។ ​​

«​យើង​បាន​​យល់​ឃើញ​ថា​កីឡា​មិន​អាច​នៅ​​នឹង​ដដែល​បាន​ទេ​ ហើយ​តែង​តែ​មាន​​រឿង​រីក​ចម្រើន​ និង ហ្គេម​ជា​ផ្នែក​មួយ​នៃ​ការ​វិវត្តន៍​ទៅ​មុខ។»” ​លោក​ Patrick Baumann ប្រធាន​GAISF ​បាន​ថ្លែង​បែប​នេះ​ក្នុង​​សេច​ក្ដី​ថ្លែង​ការណ៍។ វេទិកា​កីឡា​អេឡិចត្រូនិក​ ​ផ្ដល់​សារសំខាន់​​​ខ្លាំង​ និង​ ឱកាស​​ដើម្បី​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម​ ជុំ​វិញ​កីឡា​អេឡិចត្រូនិក​ ​ផល​ប៉ះពាល់​ និង​ ការ​អភិវឌ្ឍន៍​នា​ថ្ងៃ​អនាគត៕

ប្រភព: C T | NOCC Media