ឆ្លងកាត់ការប្រកួតរយៈពេលពីរថ្ងៃនេះ ក្រុម zXz BanhPret zXz បានក្លាយជាជើងឯកប្រចាំខែតុលានិងអាចមានសិទ្ធិឡើងទៅលេងវគ្គ ១៦ ក្រុមបន្តទៀតក្រោយពេលប្រកួតយកឈ្នះក្រុម ICE Palace យ៉ាងលំបាកលំបិន។
អ្នកដឹកនាំក្រុម zXz BanhPret zXz បានបង្ហាញទឹកមុខរីករាយ និងត្រេកអរសម្រាប់ជ័យជំនះលើក្រុមគូបដិបក្ខសម្រាប់ការប្រកួតវគ្គ ផ្ដាច់ព្រ័ត្រ។ ទោះបីយ៉ាងណាអ្នកដឹកនាំក្រុមមួយនេះគិតថា កូនក្រុមរបស់ខ្លួននៅមានភាពចន្លោះប្រហោងមួយចំនួន ដែលត្រូវកែលម្អបន្ថែមទៀតសម្រាប់ការប្រកួតនៅជុំបន្ទាប់ទៀត។ “…ពួកគេនៅមានភាពតក់ស្លុត និងខ្វះជឿជាក់នៅពេលប្រកួត…”។
“ថ្វីបើរងបរាជ័យ ប៉ុន្តែនេះជាបទពិសោធន៍ដ៏ល្អសម្រាប់ក្រុម”។ នេះជាការលើកឡើងរបស់អ្នកដឹកនាំក្រុម ICE Palace។ ប្រធានក្រុមរូបនេះអះអាងថា វាជាលើកដំបូង និងជាមោទនភាពសម្រាប់ក្រុមដែលអាចឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ។ ទាក់ទិននឹងបរាជ័យនេះ រូបគេបានបញ្ជាក់ថាគឺបានមកពីការខ្វះការសហការគ្នា ហើយណាមួយមានការបាត់បង់សមាជិកម្នាក់ដែលធ្វើឲ្យក្រុមរបស់គេលេង ទៅអត់សូវពេញដៃ។ ជាពិសេសក្រុមរបស់ខ្លួន ក៏ហ្វឹកហាត់អត់សូវបានដិតដល់នោះដែរ។
ឆ្លងកាត់ការប្រកួតជម្រុះប្រចាំខែអស់រយៈពេលជាងកន្លះឆ្នាំនេះ គឺអាចរកឃើញក្រុមខ្លាំងចំនួន ១៦ ក្រុមដែលនឹងត្រូវឡើងតតាំងគ្នានៅជុំបន្ទាប់ទៀត មុនឆ្ពោះទៅការប្រកួតថ្នាក់ជាតិ Cambodian National Championship (CNC) នៅថ្ងៃ ១៩ ខែវិច្ឆិកា ខាងមុខនេះនៅ Phnom Penh Tower ដើម្បីចម្រាញ់រើសជើងខ្លាំងពីរក្រុម តំណាងប្រទេសកម្ពុជាទៅចូលរួមការប្រកួតលំដាប់ថ្នាក់អន្តរជាតិនា ដើមឆ្នាំ ២០១២ នៅឯប្រទេសម៉ាឡេស៊ីដែលមានឈ្មោះថា AK World Championship។