វេទិកាជជែកអំពីកីឡាអេឡិចត្រូនិកនឹងត្រូវរៀបចំដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និង សមាគមនៃសហព័ន្ធកីឡាអន្តរជាតិ ( GAISF)។ IOC បានចេញសេចក្ដីថ្លែងការណ៍ មួយថា បំណងនៃវេទិកានេះ នឹងស្វែងយល់ឲ្យកាន់តែច្បាស់អំពីកីឡាអេឡិចត្រូនិក និង ការរៀបចំទៅថ្ងៃអនាគត រវាងក្រុមហ៊ុន និង ចលនាអូឡាំពិក។ ចលនាបំផុសឲ្យកីឡាអេឡិចត្រូនិក ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកមានតាំងកិច្ចប្រជុំកំពូលអូឡាំពិកនាខែ តុលា កន្លងទៅ ដូចមានក្នុងសេចក្ដីថ្លែងការណ៍។
កិច្ចប្រជុំនោះ ប្រកាសច្បាស់ថា កីឡាអេឡិចត្រូនិក ត្រូវបានគេពិចារណាជាកីឡាប្រកួតលក្ខណៈគូ ជាមួយគូបដិបក្ខ ហើយ អត្តពលិកត្រូវហ្វឹកហាត់តាមស្ដង់ដារត្រឹមត្រូវ។ IOC បានចែងទៀតថា កីឡាអេឡិចត្រូនិកអាចចូលរួមការប្រកួតបានលុះត្រាតែគោលការណ៍នានាស្របតាម តម្លៃអូឡាំពិក។
ប្រធាន IOC លោក Thomas Bach បានមានប្រសាសន៍ថា កាលពីមុន វីដេអូហ្គេមដែលមានលក្ខណៈអំពើហិង្សា មិនឲ្យចូលប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទេ។ កីឡាអេឡិចត្រូនិក នឹងបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍ កីឡាអាស៊ីឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់មកទៀតកីឡានេះនឹងបង្ហាញក្នុងការប្រកួតដណ្ដើមមេដាយនៅឆ្នាំ ២០២២ នៅប្រទេសចិន។
សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ ក៏មានគម្រោងដាក់បញ្ចូលបទបង្ហាញក្នុងកម្មវិធីអូឡាំពិកឆ្នាំ ២០២៤ នៅក្រុងប៉ារីសប្រទេសបារាំងដែរ។ បែបណាក្ដី IOC មិនបានបញ្ចូលបទបង្ហាញក្នុងកម្មវិធីរបស់ខ្លួនតាំងពីកីឡាអូឡាំពិកឆ្នាំ ១៩៩២មក។
«យើងបានយល់ឃើញថាកីឡាមិនអាចនៅនឹងដដែលបានទេ ហើយតែងតែមានរឿងរីកចម្រើន និង ហ្គេមជាផ្នែកមួយនៃការវិវត្តន៍ទៅមុខ។»” លោក Patrick Baumann ប្រធានGAISF បានថ្លែងបែបនេះក្នុងសេចក្ដីថ្លែងការណ៍។ វេទិកាកីឡាអេឡិចត្រូនិក ផ្ដល់សារសំខាន់ខ្លាំង និង ឱកាសដើម្បីទទួលបានការយល់ដឹងបន្ថែម ជុំវិញកីឡាអេឡិចត្រូនិក ផលប៉ះពាល់ និង ការអភិវឌ្ឍន៍នាថ្ងៃអនាគត៕
ប្រភព: C T | NOCC Media