ក្រុម Red Boy Club (RBC) ដែលប្ដូរឈ្មោះមកពីក្រុម TeamTono4E កំពុងតែជួបបញ្ហាក្នុងការត្រៀមខ្លួនចូលរួមការប្រកួត AK វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃ ១៩ វិច្ឆិកា ខាងមុខនេះនៅអាគារ Phnom Penh Tower។
Bovin ប្រធានក្រុម RBC បានឲ្យដឹងថាក្រុមរបស់ខ្លួនកំពុងជួបបញ្ហា ដោយសារសមាជិកក្នុងក្រុមអត់សូវបានហ្វឹកហាត់ជុំគ្នា។ “…សមាជិកម្នាក់ៗរវល់ដកឃ្លាមិនរួច អ្នកខ្លះជាប់រៀន ឯអ្នកខ្លះទៀតរវល់ធ្វើការ ដូច្នេះមិនដឹងថានៅពេលការប្រកួតមកដល់ លទ្ធផលនឹងទៅជាយ៉ាងណានោះទេ។
ទោះបីយ៉ាងណាប្រធានក្រុមរូបនេះសង្ឃឹមប្រហែល ៥០% ដែរថាក្រុមរបស់ខ្លួននឹងអាចបន្តដំណើរឆ្ពោះទៅការប្រកួតនៅប្រទេស ម៉ាឡេស៊ីនាបំណាច់ឆ្នាំនេះ។
ចំណែកសមាជិកក្នុងក្រុម RBC តុលា នៅមានសុទិដ្ឋិនិយមសម្រាប់ការប្រកួតនៅថ្ងៃខាងមុខនេះ។ សមាជិករូបនេះបានឲ្យដឹងថា៖ “ទោះបីក្រុមរបស់ខ្លួនហ្វឹកហាត់អត់សូវបានដិតដល់យ៉ាងណា ប៉ុន្តែសមាជិកក្នុងក្រុមនៅមានសាមគ្គីគ្នាបានល្អ។ ជាក់ស្តែងការប្រកួតជម្រុះជុំចុងក្រោយកាលថ្មីៗនេះ សមាជិកម្នាក់ៗបានបំពេញតួនាទីបានយ៉ាងល្អឥតខ្ចោះ ទោះបីហាត់ត្រៀមខ្លួនបានតិចតួច។ ហើយម្យ៉ាងវិញទៀត បច្ចេកទេសក៏មិនមានការធ្លាក់ចុះអីនោះទេ”។
យ៉ាងនេះក្ដី Bovin គិតថា ការប្រកួតឈ្នះ ឬចាញ់នោះវាមិនមែនជាបញ្ហាធំសម្រាប់ក្រុមនោះទេ។ “…ការប្រកួត គ្រាន់តែជាការកម្សាន្តអារម្មណ៍តែប៉ុណ្ណោះ”។
Red Boy Club ឬ Team Tono4E គឺជាក្រុមជើងឯកប្រចាំខែឧសភា ហើយជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងទាំង ៤ ដែលមានឈ្មោះទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃ ១៩ វិច្ឆិកា ខាងមុខនេះ៕