ក្រុម Assassin Zenith (AZ) ជាម្ចាស់ជើងឯកប្រចាំខែកញ្ញា ដែលបានទម្លាក់ក្រុម Koma ChheanMok នៅវគ្គជម្រុះជុំចុងក្រោយកាលពីថ្ងៃ ៥ វិច្ឆិកា ថ្មីៗនេះ មានសង្ឃឹមខ្ពស់ថានឹងអាចបន្តដំណើរទៅប្រកួត AK ថ្នាក់អន្តរជាតិប្រទេសម៉ាឡេស៊ីនៅដើមឆ្នាំ ២០១២ ខាងមុខនេះ។
សមាជិកមួយរូបរបស់ក្រុម AZ មួយរូបបានឲ្យ Sabay ដឹងថា សមាជិកក្នុងក្រុមរបស់គេកំពុងតែហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីជាការត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតវគ្គ ផ្ដាច់ព្រ័ត្រ។
សមាជិកដ៏សកម្មរូបនេះបញ្ជាក់ថា “អ្វីៗគ្មានបញ្ហានោះទេទាំងផ្នែកបច្ចេកទេស និងស្មារតី។ ក្រុមទាំងមូលសមជើងគ្នាបានល្អណាស់ ហើយក៏កំពុងហាត់ក្បួនយុទ្ធសាស្ត្រថ្មីៗមានដូចជាវិធីសាស្ត្រទប់ទល់ ការវាយបុករបស់គូប្រជែង ការបាញ់ Support គ្នា និងការរៀបគប់គ្រាប់បែកឲ្យមានប្រសិទ្ធភាពជាដើម”។
សមាជិករូបនេះបន្ថែមទៀតថា ក្រុមរបស់គេសង្ឃឹម ៧០% សម្រាប់ជ័យជំនះនៃការប្រកួតនៅពេលខាងមុខនេះ និងមានជំនឿថានឹងអាចបន្តឆ្ពោះទៅប្រកួតនៅប្រទេសម៉ាឡេស៊ីនោះដែរ។