ថ្ងៃប្រកួតកាន់តែខិតជិតមកដល់ ក្រុម The Hell’s Gate មិនបានព្រងើយកន្តើយ ភ្លេចខ្លួនក្នុងការត្រៀមប្រកួតនេះឡើយ។ ក្រុមគេតែងតែណាត់គ្នា ហ្វឹកហាត់ ពង្រឹងស្មារតី សមត្ថភាព និងយុទ្ធសាស្ត្រជារៀងរាល់ថ្ងៃ ដើម្បីហ្វឹកហាត់ និងសមទឹកដៃរបស់ក្រុមទាំងមូលឲ្យស្រុះគ្នា។
ចង់ដឹងថា ក្រុមតំណាងកម្ពុជាជាប់លេខមួយ ទៅចូលរួមការប្រកួតលំដាប់អន្តរជាតិដែលនឹងប្រារព្ធនៅប្រទេស ម៉ាឡេស៊ី នៅថ្ងៃទី ១៤-១៥ ខែ មករា ២០១២នេះ មានចំណុចខ្លាំង និងចំណុចខ្វះខាតអ្វីខ្លះ សូមមិត្ត ទាំងអស់តាមដានជាមួយគ្នា!
សកម្មភាពប្រកួតរបស់ The Hell’s Gate នាពេលកន្លងទៅ
“ចំណុចខ្លាំង របស់ក្រុមខ្ញុំ គឺដើរបាញ់ស្មើទឹកដៃគ្នា ហើយយល់ចិត្តគ្នាដូចជាបងប្អូនអញ្ចឹង”។ នេះជាការលើកឡើងរបស់ ថាន់ណាន់ ប្រធានក្រុមThe Hell’s Gate។ មេក្រុមដដែលបានបន្ថែមទៀតថា ៖ ក្រុមរបស់ខ្ញុំចេះជួយ Support គ្នាក្នុងការដើរបាញ់បានយ៉ាងរហ័ស ព្រមទាំង យុទ្ធសាស្ត្រក្នុងការបាញ់ស្ទាក់សត្រូវគឺចេះជួយគ្នាបានលឿនរហ័ស បំផុត។ ចំណុចពិសេសមួយទៀត គឺពួកយើងបានធ្វើការកែប្រែយុទ្ធសាស្ត្របោះគ្រាប់បែកចូលទៅតាំង របស់សត្រូវបានលឿន ហើយចំគោលដៅ។
ទោះបីជា ចំណុចខ្លាំងរបស់ក្រុម The Hell’s Gate មានចំណុចវិជ្ជមានច្រើនយ៉ាងណាក៏ដោយ The Hell’s Gate នៅតែអះអាងថា ខ្លួនមានចំណុចខ្សោយនៅឡើយ។ “ចំណុចខ្សោយរបស់ពួកខ្ញុំ គឺនៅភ័យ ព្រោះយើងមិនអាចប៉ាន់ប្រមាណពីទឹកដៃរបស់គូសត្រូវអន្តរជាតិរបស់ យើងបាននៅឡើយ”។ ថាន់ណាន់ បន្ថែម។
ចំណុចមួយទៀត គឺ ពេលវេលាជួបគ្នាហាត់ ព្រោះពេលខ្លះ មកអត់ជុំគ្នា គឺបានតែបួននាក់តែប៉ុណ្ណោះ ព្រោះមានសមាជិកក្រុមខ្ញុំមួយរូប មានផ្ទះនៅឆ្ងាយពីគេពីឯង។ ម្យ៉ាងទៀត យើងមានពេលទំនេរតិចក្នុងការហ្វឹកហាត់ ដោយសាររវល់រៀន និងជួយការងារផ្ទះ ព្រោះយើងមិនត្រូវយកពេលទំនេរ ឬគេចម៉ោងសិក្សាមកលេងនោះទេ។
ការហ្វឹកហាត់ របស់ក្រុម The Hell’s Gate គឺការហ្វឹកហាត់មួយក្នុងគោលបំណង ដើម្បីស្វែងរក យុទ្ធសាស្ត្រថ្មីៗ ដូចជា ការគប់គ្រាប់បែកចូលទីតាំងសត្រូវ ការបាញ់ស្ទាក់សត្រូវ និងការសហការគ្នាផ្សេងៗក្នុងយុទ្ធសាស្ត្រធ្វើសង្គ្រាមនៅក្នុង AK Online ធ្វើយ៉ាងណាឲ្យរាល់ចំណុចខ្វះខាតទាំងនោះមានកម្រិតទាប និងបាត់បង់ទាំងស្រុង ដើម្បីដណ្ដើមយកជ័យជំនះក្នុងការប្រកួតអន្តរជាតិខាងមុខនេះ។