AK War Journal: យុទ្ធសាស្ត្រ​ខ្ញុំ និង​យុទ្ធសាស្ត្រ​សម្លាញ់

February 1, 2012

បន្ទាប់​ពី​បាន​បក​ស្រាយ​ពី​ចំណុច​អវិជ្ជមាន​ និង​វិជ្ជមាន​របស់​ក្រុម​ជើង​ឯក​ទាំង​ពីរ​ក្រុម​រួច​មក ក្រុម​ទាំង​ពីរ​នេះ​នៅ​មាន​យុទ្ធសាស្ត្រ​ និង​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែល​ត្រូវ​សិក្សា​បន្ថែម​ទៀត ក្នុង​ការ​ត្រៀម​ខ្លួន​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី។

ថ្វី​ត្បិត​តែ​ក្រុម​ទាំង​ពីរ​មាន​សមត្ថភាព​ខ្លាំងៗ​ប្រហាក់ប្រហែល​គ្នា​ ក៏​ ពិត​មែន ប៉ុន្តែ​ការ​ប្រកួត​អន្តរជាតិ​ខិត​ជិត​មក​ដល់​ទើប​តម្រូវ​ឲ្យ​ក្រុម​ទាំង​ ពីរ​ពួត​ដៃ​គ្នា ផ្លាស់​ប្ដូរ​វិធីសាស្ត្រ​ប្រយុទ្ធ​ក្នុង​សមរភូមិ​ ដើម្បី​បង្កើន​គុណភាព​ការ​ធ្វើ​សឹកសង្គ្រាម។ តើ​ចំណុច​អ្វី​ខ្លះ​ដែល​ក្រុម​និមួយ​ៗ​បាន​សិក្សា​ពី​គ្នា? តើ​គំនិត​របស់​ក្រុម​មួយ​ផ្សេង​ទៀត​ល្អ​កម្រិត​ណា​ ដែល​ទាមទារ​ក្រុម​មួយ​ផ្សេង​ទៀត​ត្រូវ​ទទួល​យក​ដើម្បី​អោយ​ទឹក​ដៃ​របស់​ ពួកគេ​កាន់​តែ​ល្អ?

ថាន់ណាន់ ឡើង​បង្ហាញ​ពី​វិធីសាស្ត្រក្រុម

ឆ្លើយ​តប​ទៅ​ នឹង​ការ​ប្រជុំ​គ្នា​ដ៏​មាន​អត្ថប្រយោជន៍​នេះ ប្រធាន​ក្រុម ក៏​ដូចជា​សមាជិក​ក្រុម​ The Hell’s Gate ទាំង​អស់​បាន​ពោល​ដូចៗ​គ្នា​ថា បើ​គិត​ពី​យុទ្ធសាស្ត្រ​ក្បួន​សឹក​ យើង​គិត​ថា​យើង​ធ្វើ​បាន​ល្អ ប៉ុន្តែ​ធម្មតា​ទេ យើង​ខ្លួន​ឯង​តែង​តែ​មើល​ឃើញ​បែប​នេះ។ បាញ់​ស្មើ​ដៃ ជំនាញ​ដាក់​គ្រាប់​បែក ចេះ​ជួយ​និង​ចេះ​Support គ្នា​បាន​យ៉ាង​ល្អ ប៉ុន្តែ​ហាក់​នៅ​មាន​អារម្មណ៍​ភ័យ ច្រើន ព្រោះ​មិន​ធ្លាប់​ឡើង​សង្វៀន​ជាមួយ​ទាហាន​បរទេស។ ក្រុម​ដដែល​នេះ​ក៏​បាន​កោត​សរសើរ​ដល់​ក្រុម​RBC លើ​សមត្ថភាព​ស្ដាប់​សំរិប​ជើង និង​ការ​គប់​គ្រាប់​បែក ប៉ុន្តែ​អ្វី​ដែល​ក្រុម​នេះ​គួរ​តែ​ពង្រឹង​បន្ថែម​នោះ គឺ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ជាង​នេះ ដោយ​សារ​តែ​ក្រុម​នេះ​មាន​សមាជិក​ថ្មី​ម្នាក់។

សមាជិក​ ក្រុម​Red Boy Club ប្រាប់​ពី​របៀប​ពង្រាយ​ទ័ព

ក្រឡេក​មក​ជួប ​ជាមួយ​ក្រុម​RBC វិញ​បាន​លើក​ឡើង​ថា រាល់​ចំណុច​ដែល​ក្រុម​របស់​គេ​គិត​ថា​ខ្លាំង និង​អស្ចារ្យ​បំផុត​នោះ បែរ​ជា​នៅ​មាន​ភាព​ខ្វះ​ចន្លោះ បន្ទាប់​ពី​ការ​ជជែក​វែកញែក​រវាង​ក្រុម​រួម​ដំណើរ និង​ក្រុម​ការងារ​AK។ បូវីន ប្រធាន​ក្រុម​នេះ គិត​ថា គេ​នឹង​ព្យាយាម​ពង្រឹង និង​កែតម្រូវ​ចំណុច​ខ្វះខាត​របស់​ក្រុម ជា​ពិសេស​ពង្រឹង​សមត្ថភាព​របស់​សមាជិក​ថ្មី ឲ្យ​គេ​ថ្នឹក​ដៃ ដូច​សមាជិក​ចាស់ៗ​អ៊ីចឹង។ ចំពោះ​ភាព​ភ័យ​ខ្លាច​The Hell’s Gate គួរ​តែ​បំបាត់​ឲ្យ​ខាង​តែ​បាន​ទៅ ព្រោះ​ក្រុម​របស់​គេ មិន​ដែល​គិត​ពី​ភាព​ភ័យ​ខ្លាច​នោះ​ទេ គឺ​ផ្ដោត​ទៅ​លើ​តែ​យុទ្ធសាស្ត្រ​ប៉ុណ្ណោះ។ “ប្រកួត​នៅ​ទីណា ជាមួយ​នរណា មិន​សំខាន់ សំខាន់​គឺ​ពង្រឹង​ស្មារតី មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់ ចេះ​ស្ដាប់​គ្នា ទើប​ជា​ការ​ប្រសើរ”។

ក្រុម​ជម្រើស​ ជាតិ​ទាំង​ពីរ​នេះ ទទួល​ស្គាល់​ថា​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ ចែក​រំលែក​បទពិសោធន៍​ ក៏​ដូចជា​ភាព​ខ្លាំង និង​ ភាព​ខ្សោយ​ក្រុម​ខ្លួន​ នេះ​ជា​មធ្យោបាយ​ល្អ​បំផុត ដើម្បី​យក​មក​ធ្វើ​ជា​បទ​ពិសោធន៍ និង​កែលំអ ភាព​ខ្វះខាត​របស់​ក្រុម។

Red Boy Club ​ជា​ក្រុម​ជើង​ខ្លាំង​មួយ​ក្នុង​ចំណោម​​ពីរ​ក្រុម​ ដែល​ជា​អ្នក​ឈ្នះ​ជើង​ឯក​ក្នុង​ការ​ប្រកួត​ AK Online កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ហើយ​សព្វ​ថ្ងៃ​នេះ ពួក​គេ​កំពុង​តែ​ហ្វឹកហាត់​ និង​រក​វិធីសាស្រ្ត​ថ្មី​​បន្ថែម​ទៀត​ ដើម្បី​រួម​ដំណើរ​ជាមួយ​ក្រុម​ជើ់ងឯក The Hell’s Gateដើម្បី​ត្រៀម​ទៅ​ប្រកួត ​វគ្គ​ជម្រុះ​អន្តរជាតិ ជាបន្ត​ទៀត​នៅ​ប្រទេស​ម៉ាឡេស៊ី​ពាក់កណ្ដាល​ខែ​មករា ខាង​មុខ​នេះ។