បន្ទាប់ពីដឹងពីលក្ខខណ្ឌ ទាំង៧ នៃការប្រកួតលំដាប់អន្តរជាតិនា ពេលខាងមុខនេះ ក្រុមជើងខ្លាំងទាំងពីរក្រុម The Hell’s Gate និង Red Boy Club កំពុងតែនាំគ្នាធ្វើការហ្វឹកហាត់បន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន និងក្រុមទាំងមូលផងដែរ។
បន្ទាប់ពីលក្ខខណ្ឌបានអនុម័តជាសាកលរួចមក ក្រុមទាំងពីរនេះ ខ្លះពោលថាពិបាក ខ្លះពោលថាស្រួល បើប្រៀបធៀបជាមួយលក្ខខណ្ឌនៃការប្រកួតកាលពីខែវិច្ឆិកាកន្លងទៅ។ តើចំណុចទាំងនោះមានអ្វីខ្លះ?
បូវីន ប្រធាន ក្រុមRBC
“វាពិតជាល្អ និង យុត្តិធម៌ហើយសម្រាប់គូប្រកួតទាំងសងខាង ប៉ុន្តែអ្វីដែលធ្វើអោយក្រុមខ្ញុំពិបាកនោះ គឺមានអាវុធមួយចំនួនដែលក្រុមខ្ញុំធ្លាប់ប្រើគេមិនអនុញ្ញាតអោយ ប្រើក្នុងការប្រកួតនោះទេ!” នេះជាការលើកឡើងរបស់ បូវីន ប្រធានក្រុម Red Boy Club (RBC) ។ បូវីនក៏បានបន្ថែមទៀតថា ខុសពីលក្ខខណ្ឌនៅស្រុកខ្មែរ ព្រោះអាចប្រើអាវុធតាមជំនាញរបស់ពួកគេ តែពេលនេះពួកគេត្រូវចំណាយពេលហ្វឹកហាត់ពីអាវុធថ្មីមួយចំនួន ដែលសមស្របនឹងលក្ខខណ្ឌរបស់គេ ហើយពួកគេមិនបោះបង់ពេលវេលាសិក្សា និងកិច្ចការផ្ទះរបស់ខ្លួន ដើម្បីហ្វឹកហាត់នោះទេ គឺយកតែពេលទំនេរប៉ុណ្ណោះ។
“ទោះបីជាលក្ខន្តិកៈទាំង៧នោះច្រើនយ៉ាងណាក៏ដោយ ក៏ក្រុមរបស់ខ្ញុំនឹងខិតខំពង្រឹងសមត្ថភាពរបស់ក្រុមទាំងមូលអោយ ស្របទៅនឹងលក្ខខណ្ឌរបស់ការប្រកួតខាងមុខដែរ”។ ប្រធានក្រុមរូបនេះអះអាងដូច្នេះ។
ថាន់ណាន់ ប្រធានក្រុមThe Hell’s Gate
ចំណែកឯថាន់ណាន់ ដែលជាប្រធានក្រុមដឹកនាំរបស់ក្រុម The Hell’s Gate វិញ បាននិយាយប្រាប់ Sabay ថា ”លក្ខខណ្ឌនៃការប្រកួតនៅប្រទេសម៉ាឡេស៊ី គឺខុសគ្នាម្យ៉ាងម្នាក់ បើធៀបនឹងលក្ខខណ្ឌរបស់ប្រទេសយើង”។ ជុំវិញបញ្ហានេះ ថាន់ណាន់ ក៏បានបកស្រាយថា លក្ខខណ្ឌប៉ុណ្ណឹងមិនអីទេ សំខាន់គឺយើងយល់ពីគោលការណ៍នៃលក្ខខណ្ឌរបស់គេច្បាស់ ហើយយើងមិនបំពាននោះគឺបានហើយ។
ទន្ទឹមនឹងការលើកឡើងបែបនេះ ថាន់ណាន់ ក៏បានបង្កប់នូវក្ដីបារម្ភមួយគឺ លក្ខខណ្ឌច្រើនពេក។ “តែទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាច្រើនបន្តិច ព្រោះលក្ខខណ្ឌកាលពីការប្រកួតកន្លងទៅនេះ គឺមានភាពងាយស្រួលជាងលក្ខខណ្ឌរបស់ប្រទេសម៉ាឡេស៊ី”។ លើសពីនេះ ប្រធានក្រុមមួយនេះបានបញ្ជាក់ថា ក្រុមរបស់ខ្ញុំដឹងទឹកដៃ និងយល់ពីលក្ខខណ្ឌកាន់តែច្បាស់ ក្រោយពីពេលប្រកួតនៅទឹកទីមួយ ដូច្នេះទឹកទីពីរគឺអាចប្រកួតដឹងទឹកដៃហើយ។
លក្ខខណ្ឌនៃការប្រកួតនៅលើឆាកអន្តរជាតិ គឺបង្កើតឡើងដើម្បីអោយក្រុមចូលរួមប្រកួតទាំងអស់ អាចសាកល្បងសមត្ថភាពគ្នាក្នុងការប្រយុទ្ធគ្នានៅក្នុងកម្មវិធី AK World Championship ដែលមាន ៦ ប្រទេសចូលរួមមានដូចជា ម៉ាឡេស៊ី (ម្ចាស់ផ្ទះ) ថៃ ចិន ឥណ្ឌូណេស៊ី សិង្ហបុរី និងកម្ពុជា ដែលនឹងប្រារព្ធឡើងចំនួនពីរថ្ងៃជាប់ៗគ្នា គឺទី ១៤-១៥ មករា ២០១២៕