ការប្រកួតសេវាកម្សាន្ត AK អនឡាញ លំដាប់ថ្នាក់អន្តរជាតិនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៤-១៥ មករា ខាងមុខនេះមានគណកម្មការជាច្រើនចូលរួមក្នុងការដាក់ពិន្ទុដល់ ក្រុមដែលចូលរួមប្រកួត ទើបជម្រុញឲ្យភាសាអង់គ្លេសត្រូវបានជ្រើសរើសជាភាសាយាន ដើម្បីទំនាក់ទំនងក្នុងពេលប្រកួត។ តើសមត្ថភាពភាសាអង់គ្លេសអាចជាឧបសគ្គដល់ក្រុម ខ្មែរទាំងពីរដែរឬក៏អត់?
“ចំពោះ ភាសាអង់គ្លេសគឺគ្មានបញ្ហាទេសម្រាប់ក្រុមខ្ញុំ”។ នេះជាការលើកឡើងរបស់ ថាន់ណាន់ ដែល ជាប្រធានក្រុម The Hell’s Gate។ ថាន់ណាន់ ក៏បានបន្ថែមទៀតថា អ្វីដែលសំខាន់នោះគឺយើងត្រូវស្តាប់អោយបានថាគេនឹងណែនាំអ្វី ខ្លះបន្ថែមទៀតដល់ក្រុមទាំងអស់គ្នាមុនពេលប្រកួត ពេលកំពុងប្រកួត និងក្រោយពេលប្រកួត ហើយនឹងចេះណែនាំខ្លួនជាភាសាអង់គ្លេសដល់គណកម្មការប្រកួត និងអ្នកដែលចូលរួមទស្សនាទៅគឺបានហើយ។
ចំណែកឯ បូវីន ដែលជាប្រធានក្រុម Red Boy Club បាននិយាយថា “ភាសាអង់គ្លេស មិនសូវជាមានបញ្ហាសម្រាប់ពួកខ្ញុំទេ” ។ ជុំវិញបញ្ហានេះ បូវីន បានបន្ថែមទៀតថា ចំពោះកូនក្រុមរបស់គេផ្សេងទៀតក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុង ការប្រើប្រាស់ភាសាអង់គ្លេសបាន ដោយគ្មានបញ្ហានោះដែរ។ ហេតុផលមួយផ្សេងទៀតបូវីន បន្ថែមថា អ្នកដែលអាចប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ ភាគច្រើនសុទ្ធតែចេះអង់គ្លេស មិនថាកម្រិតណានោះទេ សុទ្ធតែអាចប្រើការបាន។
ភាសាអង់គ្លេស ជាភាសាមួយដែលគេចាត់ទុកថា ជាភាសាអន្តរជាតិ ព្រោះប្រទេសភាគច្រើននៅលើសកលលោកគឺប្រើប្រាស់ភាសាមួយនេះ សម្រាប់ធ្វើការទំនាក់ទំនងជាមួយប្រទេសដ៏ទៃ។ ចំណែកឯការប្រកួតសេវាកម្សាន្ត AK អនឡាញ នៅប្រទេសម៉ាឡេស៊ីនេះ ក៏ដូចគ្នាដែរ គឺគេប្រើប្រាស់ភាសាអង់គ្លេសជាគោលដើម្បីធ្វើការណែនាំបញ្ហា ផ្សេងៗ នៅក្នុងការប្រកួតមួយនេះ។
បន្ទាប់ពី បានស្តាប់មតិរបស់តំនាងក្រុមជើងខ្លាំងទាំងពីររួចមក តើមិត្តទាំងអស់គ្នាគិតថា ភាសាអង់គ្លេសអាចរារាំងដល់ការប្រកួតរបស់ក្រុមជើងខ្លាំង ទាំងពីរនេះដែរឬទេ?