ក្រុមជើងខ្លាំងទាំងពីរក្រុមបានចាកចេញពី ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី ១៣ នេះហើយ ដោយអ្នកទាំងអស់គ្នា មើលទៅហាក់បីដូចជាមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការបង្ហាញមុខនៅលើឆាកអន្តរជាតិ ដែលមានម៉ាឡេស៊ីជាអ្នកម្ចាស់ផ្ទះរង់ចាំទទួលស្វាគមន៍ពួកគេ។ តើក្រុមទាំងពីរ និងក្រុមការងារ Sabay មាននិយាយម៉េចខ្លះ មុនចេញទៅ?
Ula Piller ប្រធានគ្រប់គ្រងផ្នែកទីផ្សារ Sabayក៏មានវត្តមាននៅក្នុងការធ្វើដំណើរនេះដែរ Ula បាននិយាយប្រាប់ Sabay ថា “ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន ដែលក្រុមជើងខ្លាំងទាំងពីរនេះ អាចឈានជើងចូលទៅក្នុងការប្រកួតអន្តរជាតិ”។ Ula បានបន្ថែមទៀតថា ខ្ញុំសង្ឃឹមថា ពួកគេនឹងទទួលជ័យជំនះក្នុងការប្រកួតខាងមុខ ហើយអាចស្វែងយល់ពីភាពប្លែកគ្នារវាងប្រទេសគេ និងប្រទេសយើង ព្រមទាំងរៀនសូត្របន្ថែមទៀតជាមួយនឹងបទពិសោធន៍អន្តរជាតិដែលបានមក ពីភាពសប្បាយរីករាយជាលក្ខណៈមិត្តភាពជាមួយប្រទេសដ៏ទៃផងដែរ។
ថាន់ណាន់ ប្រធានក្រុម The Hell’s Gate
ជួបជាមួយ ថាន់ណាន់ ប្រធានក្រុម The Hell’s Gate វិញបាននិយាយថា ពិតជាមានមោទនភាពមែនទែន ព្រោះមានឱកាសប្រកួតជាមួយប្រទេសដទៃលើផ្នែកបច្ចេកវិទ្យាអនឡាញជាមួយ ប្រទេសដទៃ លើឆាកអន្តរជាតិបែបនេះ។ ថាន់ណាន់ក៏បានបញ្ជាក់ទៀតថា ក្រុមខ្ញុំពិតជារំភើបមែនទែន ដែលការប្រកួតនេះមានរង្វាន់ជាច្រើនក្នុងការលើកទឹកចិត្តដល់អ្នក ប្រកួត ហើយតាមរយៈព័ត៌មានដែលគេបានដឹងនោះ រង្វាន់សរុបជាទឹកប្រាក់គឺ ១ម៉ឺន ដុល្លារឯណោះ។
ចំណែកឯ បូវីន បានបង្ហើបប្រាប់ Sabay ថា ពួកគេមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលពួកគេមានមុខនៅលើឆាកប្រកួតមួយនេះ ចំណែករង្វាន់វិញនោះ បូវីន បានរៀបរាប់ថារង្វាន់ពិតជាច្រើនគួរសមដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ សង្ឃឹមថាទទួលបទពិសោធន៍ថ្មីៗទៀត ក្រោយពេលប្រកួតបានបញ្ចប់។
បូវីន មេក្រុម RBC
លោក វ៉ាន់ សំបូរ ជាប្រធានគ្រប់គ្រងដំណើរការសេវាកម្សាន្តរបស់ Sabay បានសំដែងពីអារម្មណ៍ពិត ថា ”នេះជាលើកទីមួយសម្រាប់ក្រុមយុវវ័យកម្ពុជាយើង ក្នុងការចូលរួមការប្រកួតលំដាប់អន្តរជាតិបែបនេះ” ។ ជុំវិញការប្រកួតនេះ លោកក៏បានបន្ថែមទៀតថា រូបគាត់សង្ឃឹមលើក្រុមទាំងពីរថានឹងឈ្នះ ព្រោះបានដឹងថាពួកគាត់បានធ្វើការហ្វឹកហាត់ច្រើនមកហើយ។
ក្រុម ជើងខ្លាំងទាំងពីរនេះ បានចាកចេញពីប្រទេសកម្ពុជា កាលពីម៉ោង ១១ : ៣០ នាទីព្រឹកមិញនេះហើយ ដោយនៅក្នុងនោះមានក្រុមការងារ Sabay មួយចំនួន បូករួមនិង អ្នកឈ្នះសំបុត្រចូលរួមទស្សនាចំនួនបីនាក់ផ្សេងទៀត។
ប្រទេស ដែលត្រៀមនឹងបង្ហាញវត្តមាននៅ ម៉ាឡេស៊ីថ្ងៃទី ១៤-១៥ មករានេះ រួមមាន កម្ពុជា ចិន ឥណ្ឌូនេស៊ី សិង្ហបូរី និងថៃ ដែលមួយក្រុមៗមានក្រុមតំណាងរបស់ខ្លួនចំនួនពីរក្រុម។