AK រកឃើញ​ពីរក្រុម​ទៅ​ប្រកួត​ថ្នាក់ជាតិ

September 26, 2012

សមរភូមិ​ដ៏​រញ្ជូយ AK Online ប្រចាំ​ទឹក​ដី​ខេត្ត​បាត់​ដំបង​ពេល​នេះ បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​អ្វី​ដែល​ប្រិយមិត្ត​គ្រប់​រូប​កំពុង​តែ​ទន្ទឹង​រង់​ចាំ​មើល​ថា តើ​ក្រុម AK ​ណា​ខ្លះ​ដែល​ជា​ក្រុម​តំណាង​ខេត្ត​បាត់ដំបង នោះ ពេល​នេះ​ CNC បាន​រក​ឃើញ​ហើយ ។ តើ​ក្រុម​ដែល​បាន​ផ្ដួល​គូ​ប្រកួត​ទាំង ១៦ ក្រុម រហូត​នៅ​សល់​តែ ២ ក្រុម​ចុង​ក្រោយ​នេះមាន​ឈ្មោះ​អ្វី​ខ្លះ ?

ទី​បំផុត​ជើង​ខ្លាំង​ AK Online ២ ក្រុម​ចុង​ក្រោយ​ប្រចាំ​ខេត្ត​បាត់ដំបង​ បង្ហាញ​រូប​រាង​ហើយ។ ទាំង ២ ក្រុម​នេះត្រូវ​​ធ្វើ​ដំណើរ​រួម​គ្នា​ ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ CNC វគ្គ​ជម្រុះ​ចុង​ក្រោយ ដែល​ធ្វើ​​នៅ​រាជ​ធានី​ភ្នំពេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ  ដើម្បី​ជួប​ជើង​ខ្លាំង AK ២ តំបន់​ទៀត​មាន​ដូច​ជា​ សៀមរាប និង​ភ្នំពេញ។ ជើង​ខ្លាំង​ AK ទឹក​ដី​បាត់ដំបង​នេះ មាន​ឈ្មោះ​ថា Ot kvol និង MDMonster។

​​ ​​ ក្រុម ​​Ot Kvol

​​ ​​ ក្រុម​​ MDMonster

បន្ថែម​លើ​ជ័យជំនះ​របស់​ក្រុម​ទាំង ២ CNC បាន​ផ្ដល់​រង្វាន់​ដល់​ក្រុម​ទាំង ២ មួយ​ក្រុម ១០០ ដុល្លារ​អាមេរិក ព្រម​ទាំង​សោហ៊ុយ​ធ្វើ​ដំណើរ និង​ការ​ហូប​ចុក​ពេល​ទៅ​ប្រកួត​នៅ​ភ្នំពេញ​ដោយ​មិន​គិត​ថ្លៃ ដែល​ជា​បន្ទុក​របស់​ក្រុមហ៊ុន។ ​

CNC 2012 ជា​ការ​ប្រកួត​ស្វែង​រក​ក្រុម​ជើង​ខ្លាំង AK Online ចំនួន ២ ក្រុម​ ដើម្បី​តំណាង​ប្រទេស​កម្ពុជា ក្នុង​ការ​​ឈាន​ទៅ​រក​ការ​ប្រកួត​ប្រជែង និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​​គ្នា ​ជាមួយ​ប្រទេស​ដ៏​ទៃ​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ 2012 ។ ដើម្បី​រក​ឃើញ​ក្រុម​ជើង​ខ្លាំង ២ ក្រុម​នេះ​បាន​ AK Online​ បាន​សម្រេច​ចិត្ត​យក​ទីតាំង ៣ តំបន់​ក្នុង​ការ​ប្រកួត​ជម្រុះ​មាន​ដូច​ជា រាជ​ធានី​ភ្នំពេញ ខេត្ត​សៀមរាប និង បាត់ដំបង តាម​រយៈ​ការ​ប្រកួត​ជម្រុះ​ជា​ច្រើន​ដំណាក់​កាល៕

អត្ថបទ៖ តុង