វេលាម៉ោង៦ល្ងាចស្អែកនេះ ជើងខ្លាំង AK Online ប្រចាំកម្ពុជា NeverCare និង MDGoodBye នឹងត្រលប់មកកាន់មាតុភូមិវិញហើយ។ ថ្វីត្បិតតែក្រុម NeverCare ទើបតែបង្កើតថ្មីថ្មោងពិតមែន ប៉ុន្តែ NeverCare បានជាប់ជា ជើងឯករងនៃ ការប្រកួតអន្តរជាតិ MATIC Xshot 2013 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញនេះ។
ភាពលេចធ្លោរបស់ NeverCare បានធ្វើឲ្យក្រុមជើងខ្លាំងនៃប្រទេសទាំង៥ទៀត ស្ងើចសរសើរមិនដាច់ពីមាត់ពីយុទ្ធសាស្រ្តរបស់ពួកគេលើឆាកប្រកួត។ ជាការលើកទឹកចិត្ត ពីភាពជោគជ័យដែលពួកគេខិតខំបញ្ចេញអស់ថ្វីដៃ ក្រុមទាំង២នេះ រួមជាមួយក្រុមការងារទាំងអស់ បានសម្រេចធ្វើដំណើរត្រលប់មកវិញតាមយន្តហោះ ជំនួសឲ្យការធ្វើដំណើរដោយរថយន្តក្រុង។
ក្រុម NeverCare
ក្រៅពីការប្រកួតប្រជែងសមត្ថភាពគ្នាលើឆាកប្រកួត ក្រុមត្រកូល MD ទាំងពីរនេះ ក៏ទទួលបានឱកាសរាប់អានគ្នាជាមួយក្រុមយុវជនទាំង៥ប្រទេសទៀតផងដែរ។ កំឡុងពេលប្រកួត និងញ៉ាំអាហារជុំគ្នា ពួកគេបានពិភាក្សា និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈការស្វែងយល់ពីវប្បធម៌ប្រទេសជិតខាង។
ក្រុម MDGoodBye
MATIC Xshot 2013 ជាការប្រកួតស្វែងរកជើងឯក MATIC អនឡាញអន្តរជាតិ ដែលមានក្រុមជើងខ្លាំង១៦ក្រុម មកពី៦ប្រទេសមានដូចជា ប្រទេសថៃជាម្ចាស់ផ្ទះ, កម្ពុជា, ចិន, ម៉ាឡេស៊ី, សិង្ហបុរី, និងឥណ្ឌូនេស៊ី។ នេះជាលើកទី២ហើយដែល Sabay បានដឹកនាំយុវជនជើងខ្លាំង AK Online កម្ពុជា ទៅប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ។ កាលពីឆ្នាំមុនក្រុមតំណាងកម្ពុជា មិនបានទទួលភាពជោគជ័យក្នុងការប្រកួតនោះឡើយ។ សម្រាប់ឆ្នាំនេះ NeverCare ក្រុមជើងខ្លាំងលេខ១កម្ពុជាថ្នាក់ជាតិ បានស្វែងរកជយលាភី ជាជើងឯករងអន្តរជាតិ MATIC Xshot 2013 ប្រកបដោយសមត្ថភាពពិតៗ ក្រោយចាញ់វគ្គផ្ដាច់ក្រោមដៃក្រុមតំណាងសិង្ហបុរី SOD HOLYACE៕
កុំភ្លេចទៅចូលរួមស្វាគមន៍ដល់ក្រុមទាំង២ ល្ងាចស្អែកវេលាម៉ោង៦ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញទាំងអស់គ្នាណា!
អត្ថបទ៖ តុង