Zxz ជា​ជើង​ខ្លាំង​ប្រចាំ​ខែ​តុលា!!

February 1, 2012

ឆ្លង​កាត់​ការ​ប្រកួត​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ ក្រុម zXz BanhPret zXz បាន​ក្លាយ​ជា​ជើងឯក​ប្រចាំ​ខែ​តុលា​និង​អាច​មាន​សិទ្ធិ​ឡើង​ទៅ​លេង​វគ្គ ១៦ ក្រុម​បន្ត​ទៀត​ក្រោយ​ពេល​ប្រកួត​យក​ឈ្នះ​ក្រុម ICE Palace យ៉ាង​លំបាកលំបិន។

អ្នក​ដឹកនាំ​ក្រុម zXz  BanhPret zXz បាន​បង្ហាញ​ទឹក​មុខ​រីករាយ និង​ត្រេកអរ​សម្រាប់​ជ័យជំនះ​លើ​ក្រុម​គូបដិបក្ខ​សម្រាប់​ការ​ប្រកួត​វគ្គ​ ផ្ដាច់ព្រ័ត្រ។ ទោះបី​យ៉ាង​ណា​អ្នក​ដឹកនាំ​ក្រុម​មួយ​នេះ​គិត​ថា កូន​ក្រុម​របស់​ខ្លួន​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​មួយ​ចំនួន ដែល​ត្រូវ​កែ​លម្អ​បន្ថែម​ទៀត​សម្រាប់​ការ​ប្រកួត​នៅ​ជុំ​បន្ទាប់​ទៀត។ “…ពួកគេ​នៅ​មាន​ភាព​តក់ស្លុត និង​ខ្វះ​ជឿជាក់​នៅ​ពេល​ប្រកួត…”។

“ថ្វី​បើ​រង​បរាជ័យ ប៉ុន្តែ​នេះ​ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​ក្រុម”។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ដឹកនាំ​ក្រុម ICE Palace។ ប្រធាន​ក្រុម​រូប​នេះ​អះអាង​ថា វាជាលើក​ដំបូង​ និង​ជា​មោទនភាព​សម្រាប់​ក្រុម​ដែល​អាច​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ទាក់ទិន​នឹង​បរាជ័យ​នេះ រូប​គេ​បាន​បញ្ជាក់​ថា​គឺ​បាន​មក​ពី​ការ​ខ្វះ​ការ​សហការ​គ្នា​ ហើយ​ណាមួយ​មាន​ការ​បាត់​បង់​សមាជិក​ម្នាក់​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​គេ​លេង​ ទៅ​អត់​សូវ​ពេញ​ដៃ។ ជា​ពិសេស​ក្រុម​របស់​ខ្លួន ក៏​ហ្វឹកហាត់​អត់​សូវ​បាន​ដិតដល់​នោះ​ដែរ។

ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ខែ​អស់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​នេះ គឺ​អាច​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន ១៦ ក្រុម​ដែល​នឹង​ត្រូវ​ឡើង​តតាំង​គ្នា​នៅ​ជុំ​បន្ទាប់​ទៀត មុន​ឆ្ពោះ​ទៅ​ការ​ប្រកួត​ថ្នាក់​ជាតិ Cambodian National Championship (CNC) នៅ​ថ្ងៃ ១៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ​នៅ Phnom Penh Tower ដើម្បី​ចម្រាញ់​រើសជើង​ខ្លាំង​ពីរ​ក្រុម​ តំណាង​ប្រទេស​កម្ពុជា​​ទៅ​ចូល​រួម​ការ​ប្រកួត​លំដាប់​ថ្នាក់​អន្តរជាតិ​នា​ ដើម​ឆ្នាំ​ ២០១២ នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​ឈ្មោះ​ថា​ AK World Championship។