ល្ងាច​ស្អែក​ជើង​ខ្លាំង AK កម្ពុជា​ហោះ​មក​វិញ​​ហើយ

January 30, 2013

វេលា​ម៉ោង​៦​ល្ងាច​ស្អែក​នេះ ជើង​ខ្លាំង AK Online ប្រចាំ​កម្ពុជា NeverCare និង MDGoodBye នឹង​ត្រលប់​មក​កាន់​មាតុភូមិ​វិញ​ហើយ។ ថ្វី​ត្បិត​តែ​ក្រុម​ NeverCare ទើប​តែ​បង្កើត​ថ្មី​ថ្មោង​ពិត​មែន ប៉ុន្តែ ​NeverCare បាន​ជាប់​ជា ជើង​ឯក​រង​នៃ ការ​ប្រកួត​អន្តរជាតិ​ MATIC Xshot 2013 នៅ​ទី​ក្រុង​បាង​កក ប្រទេស​ថៃ កាល​ពីម្សិលមិញ​​នេះ។

ភាព​លេច​ធ្លោ​របស់​ NeverCare បាន​ធ្វើ​ឲ្យ​ក្រុម​ជើង​ខ្លាំង​នៃ​ប្រទេស​ទាំង​៥​ទៀត​ ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់​ពី​យុទ្ធសាស្រ្ត​របស់​ពួក​គេ​លើ​ឆាក​ប្រកួត។ ជា​ការ​លើក​ទឹក​ចិត្ត ពី​ភាព​ជោគជ័យ​ដែល​ពួក​គេ​ខិត​ខំ​បញ្ចេញ​អស់​ថ្វី​ដៃ ក្រុម​ទាំង​២​នេះ​ រួម​ជាមួយ​ក្រុម​ការងារ​ទាំង​អស់ បាន​សម្រេច​​ធ្វើ​ដំណើរ​ត្រលប់​មក​វិញ​តាម​​យន្តហោះ ជំនួស​ឲ្យ​​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក្រុង។

                                                                              ក្រុម​ NeverCare

ក្រៅ​ពី​ការ​ប្រកួត​ប្រជែង​សមត្ថភាព​គ្នា​លើ​ឆាក​ប្រកួត ក្រុម​ត្រកូល​ MD ទាំង​ពីរ​នេះ ក៏​ទទួល​បាន​ឱកាស​រាប់​អាន​គ្នា​ជាមួយ​ក្រុម​យុវជន​ទាំង​៥​ប្រទេស​ទៀត​ផង​ដែរ។ កំឡុង​ពេល​ប្រកួត និង​ញ៉ាំ​អាហារ​ជុំ​គ្នា ​ពួក​គេ​បាន​ពិភាក្សា និង​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​ស្វែង​យល់​ពី​វប្បធម៌​ប្រទេស​ជិត​ខាង​។

ក្រុម​ MDGoodBye

MATIC Xshot 2013 ជា​ការ​ប្រកួត​ស្វែង​រក​ជើង​ឯក​ MATIC អនឡាញ​​អន្តរជាតិ ដែល​មាន​ក្រុម​ជើង​ខ្លាំង​១៦​ក្រុម​ មក​ពី៦ប្រទេស​មាន​ដូច​ជា ប្រទេស​ថៃ​ជា​ម្ចាស់​ផ្ទះ, កម្ពុជា, ចិន, ម៉ាឡេស៊ី, សិង្ហបុរី, និង​ឥណ្ឌូនេស៊ី។ នេះ​ជា​លើក​ទី​២​ហើយ​ដែល Sabay បាន​ដឹក​នាំ​យុវជន​ជើង​ខ្លាំង​ AK Online កម្ពុជា​ ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ។ កាល​ពី​ឆ្នាំ​មុន​ក្រុម​តំណាង​កម្ពុជា មិន​បាន​ទទួល​ភាព​ជោគជ័យ​ក្នុង​ការ​ប្រកួត​​នោះ​​ឡើយ​។ ​សម្រាប់​ឆ្នាំ​នេះ NeverCare ក្រុម​ជើង​ខ្លាំង​លេខ​១​កម្ពុជា​ថ្នាក់​ជាតិ បាន​ស្វែង​រក​ជយលាភី ជា​ជើង​ឯក​រងអន្តរជាតិ MATIC Xshot 2013 ប្រក​ប​ដោយ​សមត្ថភាព​ពិតៗ ក្រោយ​ចាញ់​វគ្គ​ផ្ដាច់​ក្រោម​ដៃ​ក្រុម​តំណាងសិង្ហបុរី SOD HOLYACE៕

កុំ​ភ្លេច​ទៅ​ចូល​រួម​​ស្វាគមន៍​ដល់​ក្រុម​ទាំង​២ ល្ងាច​ស្អែកវេលា​​ម៉ោង​៦ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​​ទាំង​អស់​គ្នា​ណា!

អត្ថបទ៖ តុង